កាលពីខែកុម្ភៈ ឆ្នាំនេះ ខ្ញុំបានទទួលការអញ្ជើញក្នុងនាមជាអ្នកសារព័ត៌មានម្នាក់ទៅប្រទេសភូមា ដើម្បីចូលរួមក្នុងកម្មវិធី ដំណើរកំសាន្តដើម្បីជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់ភូមា។ ក្នុងនោះ ក៏មានអញ្ជើញចូលរួមពីអ្នកមានឥទ្ធិពលមកពីប្រទេសអាស៊ាន (Influencer) ជាច្រើនរូបផងដែរ ។ ខ្ញុំមានកិត្តិយសជាខ្លាំង ដែលជារឿយៗតែងត្រូវបានគេរាប់បញ្ចូល ជាអ្នកមានឥទ្ធិពលម្នាក់ក្នុងចំណោមអ្នកល្បីៗនៅលើបណ្តាញសង្គម អរគុណដល់ការងារជាអ្នកសារព័ត៌មាន ដែលធ្វើឲ្យខ្ញុំបានហោះហើរទៅជាច្រើនប្រទេសក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ នេះជាលើកទីមួយ ដែលខ្ញុំបានទៅដល់ទីក្រុងយ៉ាងហ្គនប្រទេសភូមា។ មុននឹងសម្រេចចិត្តថាទៅ ខ្ញុំមានការរារាំងពីអ្នកផ្ទះជារឿយៗ ក្នុងការធ្វើដំណើរទៅប្រទេសនេះ ដោយសារព័ត៌មានជាច្រើន ដែលនិយាយពីវិបត្តិជនភៀសខ្លួន និងការផ្លាស់ប្តូរមេដឹកនាំថ្មីរបស់ភូមា។ ទោះយ៉ាងណាក្តី ខ្ញុំនៅតែទៅ ហើយថែមទាំងបានត្រៀមសំណួរក្នុងចិត្តជាច្រើន ដើម្បីទៅស្វែងរកចម្លើយនៅភូមាផង។ ចង់ដឹងថាអ្វីខ្លះ តោះមកអានទាំងអស់គ្នា៖ ទៅភូមាតាមផ្លូវណា? ខ្ញុំត្រូវជិះយន្តហោះប្រមាណ៥ម៉ោង រាប់ទាំងការរង់ចាំប្តូរជើងយន្តហោះរយៈពេល២ម៉ោង នៅប្រទេសថៃ។ ពោល គឺតាមរយៈក្រុមហ៊ុនអាកាសចរណ៍ Air Asia ខ្ញុំត្រូវជិះយន្តហោះពីកម្ពុជាទៅបាងកក បន្ទាប់មកទើបចេញពីបាងកកទៅអាកាសយានដ្ឋាន Yangon International Airport។ ការរង់ចាំនៅក្នុងព្រលានយន្តហោះ ដនមឿង ក្រុងបាងកក មិនមែនជារយៈពេលយូរនោះទេ។ នៅទីនោះមានហាងលក់របស់ និងអាហារជាច្រើន ដែលភ្ញៀវទេសចរអាចសម្រាក ឬទិញទំនិញរួចពន្ធនៅទីនោះ។ នៅប្រទេសកម្ពុជា ពិបាករកទីផ្សារប្តូររូបិយបណ្ណភូមាណាស់ ប៉ុន្តែនៅអាកាសយានដ្ឋានរបស់ប្រទេសថៃ មានច្រើនមិនខ្វះទេ…
Author: Nyck
ដំណើរកំសាន្តទៅទីតាំងប្រវត្តិសាស្រ្តល្បីៗក្នុងខេត្តចំនួន៣រយៈពេល៣ថ្ងៃ
ប្រទេសកម្ពុជាមានទីតាំងប្រវត្តិសាស្រ្តជាច្រើនកន្លែង តិចច្រើនទៅតាមតំបន់។ ទោះមិនអាចទៅដល់គ្រប់ទីកន្លែង ប៉ុន្តែយ៉ាងហោចណាស់ក៏យើងគួរទៅដល់ទីតាំងប្រវត្តិសាស្រ្តធំៗមួយចំនួន ដែលតែងនាំកម្ពុជាឲ្យមានភាពល្បីល្បាញ។ នៅក្នុងអត្ថបទនេះ យើងនឹងនាំអ្នកទៅកាន់ទីតាំងបុរាណចំនួន៣កន្លែង ដែលសុទ្ធសឹងតែជាទីតាំងល្បីល្បាញ និងស្ថិតនៅក្នុងខេត្តចំនួន៣ ដោយចំណាយពេលធ្វើដំណើរកំសាន្តរយៈពេល៣ថ្ងៃ និងគន្លឹះទស្សនាទៅកាន់ទីតាំងសំខាន់ៗដើម្បីចំណេញពេលវេលា។
ដំណើរទស្សនាស្នាដៃសិល្បៈអស្ចារ្យលើទឹកដីកោះបាលី
កោះបាលីមានកន្លែងស្អាតៗជាច្រើនទៀត ពិសេសតំបន់អេកូទេសចរណ៍។ អត្ថបទនេះ នឹងនាំអ្នកទៅទស្សនាមណ្ឌលសិល្បៈនិងវប្បធម៌ល្បីល្បាញនៅលើកោះបាលី។ ប៉ុន្តែមុននឹងទៅដល់ទីតាំងដែលយើងគ្រោងទុក យើងឆ្លៀតឱកាសរៀបរាប់ទិដ្ឋភាពដែលយើងបានឃើញនៅតាមផ្លូវក្នុងទីប្រជុំជននៅលើកោះទេសចរណ៍នេះបន្តិចសិន។ នៅតាមផ្លូវអមដៃសមុទ្រមានចាក់កៅស៊ូខ្វាត់ខ្វែង ហើយអ្វីដែលអ្នកមគ្គុទេស៍ចង់បង្ហាញនោះ គឺដើមកោងកាង ក្រុមអ្នកការពារសមុទ្រដែលឈរច្រូងច្រាងនៅអមមាត់ផ្លូវពាសពេញ បង្កជាសួនពណ៌បៃតងត្រជាក់ភ្នែក។ អ្នកមគ្គុទេស៍បានប្រាប់ថា ការដាំដើមកោងកាងនៅតាមដងផ្លូវជាប់សមុទ្រនិងនៅទីតាំងជាច្រើនទៀតនៅលើកោះបាលី គឺដើម្បីជួយបញ្ចៀសទុរភិកពីរលកយក្សស៊ូណាមិ និងព្យុះសមុទ្រផ្សេងៗ។ វាក៏ជាកត្តាដែលជួយឲ្យបរិស្ថាននៅលើកោះមានសោភ័ណភាពល្អផងដែរ។ យើងបើកឡានលឿនយឺត តាមផ្លូវតូចល្មមនៅលើកោះនេះបន្តទៀត ក៏ឃើញថាអ្នកស្រុកបាលី មិនអាចសង់ផ្ទះលើសពី៤ជាន់បានទេ។ រាល់ផ្ទះនីមួយៗសុទ្ធតែមានកំពស់ទាបជាង៤ជាន់ រួមទាំងសណ្ឋាគារផងដែរ ដែលនេះជាបញ្ញាត្តិរបស់រដ្ឋ។ មានមនុស្សច្រើនណាស់បើកបរនៅលើផ្លូវ រួមមានទាំងម៉ូតូ និងឡាន អ្នកខ្លះក៏ជិះកង់។ នៅតាមផ្លូវមានព្យួរទង់ខ្ពស់ៗធ្វើពីស្លឹកដូង ឬក្រណាត់មានពណ៌មាស ដោយសារក្នុងកំឡុងខែ១២ គឺជារដូវបុណ្យសាសនា។ កន្លែងដែលខ្ញុំចង់ណែនាំនៅគ្រានេះ គឺ Uluwatu និង Ubud។
រឿងរ៉ាវពីក្រោយផ្នូរល្បីល្បាញ Taj Mahal
ប្រទេសឥណ្ឌាមានកន្លែងដែលត្រូវទៅជាច្រើន ដែលសម្រាប់ខ្ញុំទីកន្លែងជាច្រើននៅក្នុងប្រទេសនេះសុទ្ធសឹងតែជាកន្លែងប្លែកភ្នែកទាំងអស់។ កន្លែងដែលខ្ញុំចាំមិនភ្លេច បន្ទាប់ពីអ្នកបើកតាក់ស៊ីពីព្រលានយន្តហោះទៅកាន់សណ្ឋាគារបានណែនាំគឺ តំបន់មួយដែលមានផ្នូរអធិរាជ របស់ពួកគេគឺ Taj Mahal។ ប៉ុន្តែមុននឹងទៅដល់ Taj Mahal ខ្ញុំសូមរៀបរាប់ពីអ្វីដែលខ្ញុំបានដឹងពីប្រទេសឥណ្ឌាបន្តិចសិន។
បេងមាលា ប្រាសាទដែលត្រូវទស្សនាពីលើស្ពានឈើ
បេងមាលា ជាឈ្មោះប្រាសាទមួយដែលទាក់ចិត្តខ្ញុំឲ្យចង់ទៅទស្សនាជាខ្លាំង។ មានភាពមន្ទិលរវាងឈ្មោះប្រាសាទនេះ ដែលអ្នកខ្លះបានហៅថា ប្រាសាទបេងមាលា ដែលអ្នកមគ្គុទេសនិយាយថា នៅទីនោះមានដើមបេងដែលជាដើមឈើមានតម្លៃ។ អ្នកខ្លះហៅប្រាសាទនេះថា បឹងមាលា ដែលបានន័យថា ជាបឹងផ្កាឈូក។ ចំណែកអ្នកខ្លះនិយាយថា គេអាចហៅឈ្មោះប្រាសាទនេះបានទាំងពីរ មួយណាក៏បាន។ ពិតណាស់ប្រាសាទនេះត្រូវបានសាងសង់តាំងពីពាក់កណ្តាលសតវត្សទី១២មកម្ល៉េះ នៅក្នុងរាជ្យរបស់ព្រះបាទសុរិយាវរ្ម័នទី២។ ថ្ងៃមួយខ្ញុំក៏មានឱកាសទៅដល់ប្រាសាទបឹងមាលា ដោយឥតគ្រោងទុក។ ដើមឡើយខ្ញុំគិតថា ប្រាសាទនេះប្រហែលជាប្រាសាទតូចមួយប៉ុណ្ណោះដែលស្ថិតនៅដាច់ពីប្រជុំប្រាសាទនានានៅក្នុងខេត្តសៀមរាប។ ដំបូងខ្ញុំឈរនៅចំពោះមុខផ្លូវចូលដែលមានស្ពាននាគខ្លីមួយដែលកំពុងស្វាគមន៍កូនចៅជំនាន់ក្រោយរបស់ខ្មែរ ទៅទស្សនាស្នាដៃបុព្វបុរសរបស់ខ្លួន ហើយគិតថា ប្រាសាទនៅខាងក្នុងប្រហែលមានទំហំប៉ុនប្រាសាទនាគព័ន្ធ។ អ្វីៗវាខុសពីការគិតរបស់ខ្ញុំទាំងស្រុង។
ថ្ងៃណាទំនេរ! ទៅកំពតភ្លក់អាហារប្លែកៗ
ខេត្តកំពតមានកន្លែងគួរឲ្យចង់ទៅលេងច្រើនណាស់ ត្បិតតែខ្សត់ឆ្នេរសាធារណៈសម្រាប់លេងទឹកសមុទ្រ ប៉ុន្តែអ្នកនៅខេត្តកំពតពូកែច្នៃប្រឌិតខេត្តរបស់ខ្លួនតាមរបៀបប្លែកៗដើម្បីទាក់ទាញភ្ញៀវទេសចរ មិនចាញ់ខេត្តផ្សេងៗឡើយ។ ហាងអាហារតូចៗ នៅប្របមាត់ព្រែកដៃសមុទ្រក្នុងក្រុងកំពតសុទ្ធតែពេញដោយភ្ញៀវទេសចរបរទេស អង្គុយហូរហៀរ។ មុននឹងចូលភ្លក់អាហារប្រចាំតំបន់ ខ្ញុំឆ្លៀតដើរមើលទេសភាពក្នុងក្រុងកំពតជាមុនសិន ដើម្បីស្វែងយល់ពីការអភិវឌ្ឍន៍បច្ចុប្បន្ន។ ពីចំណុចស្ពានថ្មីកាត់ព្រែកដៃសមុទ្រក្នុងក្រុង ឆ្ពោះទៅកាន់ស្ពានឥន្ទធនូ ភាគច្រើនជាហាងអាហារបរទេស ហើយភាគច្រើនជាភ្ញៀវបរទេសចំរុះជាតិសាសន៍មកលេង។ ប្រហែលជាសំណង់ចាស់ដែលសល់ពីសម័យបារាំងបានបន្សល់ទុកផង ទើបធ្វើឲ្យតំបន់នេះអំណោយផលដល់ការតុបតែងហាងនិងការធ្វើអាជីវកម្មសម្រាប់ទាក់ទាញភ្ញៀវបរទេសច្រើនជាងភ្ញៀវខ្មែរ។ ខ្ញុំបញ្ចប់ការទស្សនកិច្ចក្រុងកំពតត្រឹមនេះសិន យើងងាកមករៀបរាប់ពីម្ហូបពិសេសៗដែលមិនគួររំលងពេលមកដល់ខេត្តកំពតវិញម្ដង។